ភ្នំពេញ ៖ តារាជើងចាស់ជាច្រើន ដែលបានចូលរួម កម្មវិធី “ខួប២ឆ្នាំរបស់គ្រួសារ តារាកម្ពុជា” កាលពីយប់មិញ បានបង្ហាញអារម្មណ៍អន់ចិត្ត និងចាត់ទុកថាកម្មវិធីនេះ មិនផ្តល់តម្លៃដល់អ្នកសិល្បៈចាស់ៗ ប៉ុន្មានទេ។ ផ្ទុយទៅវិញបែរជាលើក តម្លៃសិល្បៈក្មេងៗ ដែលមិនសូវមានឈ្មោះក្នុងសិល្បៈ មើលរំលងតារាល្បីៗ និងតារាចាស់ៗ ដែលមើលទៅមិនសូវមាន ក្រមសីលធម៌ប៉ុន្មានទេ។
ប្រភពពីអ្នកសិល្បៈ ដែលបានចូលរួម បានប្រាប់ឲ្យដឹងថា មុនដំបូងត្រូវតម្រូវឲ្យអ្នកចូលរួមបង់ថវិកា១០០$ ដើម្បីទទួលបានមេដៃពីកម្មវិធី ដោយសារតែចង់ចូលរួម មានតារាជើងចាស់ជាច្រើន បានចូលរួមនិងផ្តល់ថវិកា ១០០$ ។ ប៉ុន្តែលទ្ធផលកម្មវិធីទាំងមូល បែរជាមើលរំលង តារាសម្តែងចាស់ៗ មិនបានប្រកាសហៅអ្នក សិល្បៈចាស់ៗ មិនបានផ្តល់កិត្តិយស ធ្វើឲ្យអ្នកសិល្បៈចាស់ៗមិន មានតម្លៃទាល់តែសោះ។ អ្វីដែលកាន់តែធ្វើឲ្យតារា ភាគច្រើនអន់ចិត្តបន្ថែមទៀតនោះគឺ មិនបាន អញ្ជើញតារាចាស់ៗ បង្ហាញមុខឬបំពាក់មេដៃជូនពួកគាត់ទេ ផ្ទុយទៅវិញ បែរជាឃើញតារាចាស់ៗ មួយចំនួនទៅរើសរកមេដៃ ដោយខ្លួនឯង។
ប្រភពដដែល បានចោទជាសំណួរថា កម្មវិធីនេះធ្វើក្នុងគោលបំណងអ្វី លើកមុខមាត់សិល្បៈ ឬក៏គ្រាន់តែចង់លើកមុខមាត់តួថ្មីៗដែលមិនទាន់មានឈ្មោះបោះសំឡេង។ ហើយបើនិយាយពីសំលៀក បំពាក់អ្នកចូលរួមខ្លះវិញ បែរជាស្លៀកពាក់បុរាណមិនចំបុរាណ ធ្វើឲ្យខូចទម្រង់សំលៀកបំពាក់សិល្បៈបុរាណទៅវិញ។
ដោយឡែកអ្វីដែលគេចាប់អារម្មណ៍ គឺសង្កេតឃើញថា កញ្ចប់ថវិកា ដែលបានពីកម្មវិធីច្រើនមិនក្រោមម៉ឺនដុល្លារនោះទេ ពោលមានអ្នកឧបត្ថម្ភច្រើន បើតាមការប្រកាសពីពិធីករ-ពិធីការិនី ។ប៉ុន្តែគេមិនទាន់ដឹងទេថាថវិការសរុបម្ចាស់កម្មវិធីយកទៅធ្វើអ្វីបន្ត? ដូច្នេះមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា៕





