បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអនុម័ត លក់ប្រព័ន្ធការពារខ្លួនឯង របស់យន្តហោះធំៗចំនួនពីរ សម្រាប់យន្តហោះ ដែលប្រើប្រាស់ជាយានជំនិះ របស់លោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតី របស់ប្រទេសឥណ្ឌា។
ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខរបស់ក្រសួងការពារជាតិ អាមេរិក បានជូនដំណឹងថា ខ្លួនទើបបានអនុម័ត យល់ព្រមឲ្យលក់ប្រព័ន្ធចំនួនពីរ គឺប្រព័ន្ធប្រឆាំងអ៊ីនហ្វ្រារ៉ិដ យន្តហោះដ៏ធំ និងប្រព័ន្ធការពារ យន្តហោះខ្លួនឯង ក្នុងតម្លៃប្រមាណ ១៩០លានដុល្លារអាមេរិក។
យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយ ដោយកាសែត UPI បានឲ្យដឹងថា ប្រព័ន្ធការពារទាំងពីរនោះ នឹងយកទៅដំឡើង នៅលើយន្តហោះ Boeing-777 ចំនួនពីរគ្រឿង ដែលទិញពីក្រុមហ៊ុន អាកាសចរណ៍ជាតិ Air India៕