ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អាចទៅរកទេព ឬភាវៈដែលមិនមែនជាមនុស្សបាន

ស្របៀរ ឬស្រា ឬសុរា ជាពាក្យតែមួយ ដែលត្រូវបាន មនុស្សទូទៅ បំបែកជាភាសារផ្សេងៗគ្នា តាមសម័យកាល ។ ស្រាបៀរ ស្រា ឬសុរា នេះ គឺជាភេសជ្ជៈ ដែលពេញនិយមមួយ ដែលត្រូវបានមនុស្សជាច្រើន លើសកលោកទទួលទានវា (ស្រា) ។ តើអ្នកមានដឹងទេថា ពាក្យថា "ស្រា" ឬការផឹកស្រា មានន័យដូចម្តេច? ថ្ងៃនេះដែរ LookingTODAY សូមធ្វើការបងស្រង់ ការបកស្រាយ នូវពាក្យថា ស្រា ដែលជាការលើកឡើង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងក្រោមនេះ៖ 

ស្រា៖ មធ្យោបាយភ្ជាប់មនុស្ស ទៅនឹងទេព «ស្រា» ជាភេសជ្ជៈដ៏ពេញនិយមបំផុត ប្រើក្នុងកិច្ចពិធីផ្សេងៗ នៅក្នុងសង្គមខ្មែរ។ តម្រូវការ «ស្រា» ចំពោះមនុស្សមានតាំង ពីកើតរហូតដល់ស្លាប់ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។

តាមរយៈបាឋកថា  របស់លោកសាស្ត្រាចារ្យ អាំង ជូលាន អំពី «ស្រា» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កន្លងមកនេះ បានលើកឡើងថា៖ នៅក្នុងបរិបទខ្លះ មានកិច្ចពិធីជាដើម ស្រាជាវត្ថុមានជីវិត ត្រូវនឹងភាសាអង់គ្លេសថា «Spirits»«ព្រលឹង, វិញ្ញាណ» ចំណែកភាសាបារាំង គឺ «Spiritueur» «eau de vie» មានន័យថា «ទឹកនៃជីវិត»។ ន័យទាំងនេះ គឺបានបញ្ជាក់ពីតម្លៃសំខាន់នៃស្រា ដូចជាការយល់ឃើញនិងការប្រតិបត្តិរបស់ខ្មែរដែរ។

លោកសាស្ត្រាចារ្យបញ្ជាក់ថា ចំពោះភាសាខ្មែរ «ស្រា» បានបាត់ពាក្យដើម ដោយសារខ្ចីពាក្យសំស្ក្រឹត «សុរា» មកប្រើ។ ភាពសំខាន់នៃ «ស្រា» ត្រូវបាត់ចាត់ទុកជាភេសជ្ជៈ ដ៏ពិសិដ្ឋ ដែលមិនមែនគ្រាន់តែផឹកកម្សាន្ត ផឹកឱ្យឆ្ងាញ់នោះទេ តែជាមធ្យោបាយ ភ្ជាប់មនុស្សទៅទេព (Communion) និងជំរុញឱ្យមានវត្តមានទេព នៅក្នុងកិច្ចពិធី (ទេព គឺសំដៅដល់អ្វីៗដែលមិនមែនជាមនុស្ស)។

លោកសាស្ត្រាចារ្យ ជូលាន បានបង្ហាញអំពីភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា «ស្រា» ជាមធ្យោបាយភ្ជាប់ខ្លួនទៅទេពនេះ គឺមានទាំងបរទេស និងខ្មែរ ពិសេសគឺជនជាតិភាគតិច នៅកំពង់ស្ពឺ រតនគិរី មណ្ឌលគិរី អំពីការប្រើប្រាស់ស្រា ក្នុងការរស់នៅដោយយក «ស្រា» ធ្វើជាគ្រឿងសំណែនដ៏សំខាន់ ក្នុងកិច្ចពិធីដូចជា៖
នៅប្រទេសជប៉ុន សាសនាស៊ិនតូដែលជាសាសនាដើមដ៏ចំណាស់ ហើយត្រូវបានគោរពដោយអធិរាជជប៉ុនផងនោះ គេតែងយកស្រា ទៅតម្កល់ទុក នៅក្នុងទីសក្ការៈនិងប្រគេនបុព្វជិត។ ចំណែកនៅកោះ Taketomi ប្រជាជនជប៉ុន បានធ្វើពិធីសែនព្រេ នដោយការយកស្រា ទៅស្រោចលើអ្នកតា ដើម្បីនិយាយជាមួយទេព បន្ទាប់មកក៏នាំគ្នាផឹកស្រា ដោយកាយវិការគោរព ជាការបូជាដល់ទេព ឱ្យទេពបានទទួលសេពសោយ និងភ្ជាប់ខ្លួនទៅនឹងទេព ដោយការបញ្ចូលទេពទៅក្នុងខ្លួន ដើម្បីឱ្យមានភាពចុះសម្រុងគ្នា ចូលគ្នា (Communion)។ ជំនឿនេះមានការគោរពតាំងពីប្រជាជនសាមញ្ញ រហូតដល់ស្តេច។ លើសពីនោះទៀត សម្រាប់ប្រទេសជប៉ុន នៅពេលស្តេចឡើងគ្រោងរាជ្យថ្មី ឬការទទួលឥស្សរជនជាន់ខ្ពស់ គឺតែងតែយកស្រា Sake មកអបអរសាទរ និងទទួលភ្ញៀវជានិច្ច។

ចំពោះគ្រឹស្តសាសនា ស្រាទំពាំងបាយជូរត្រូវបានចាត់ទុកជាស្រាដ៏ពិសិដ្ឋ ដែលប្រដូចទៅនឹងឈាមរបស់ព្រះគ្រឹស្តិដែលទ្រង់បានបូជា។ ដូច្នេះ បរិស័ទទាំងនោះតែងទទួលទានស្រាទំពាំងបាយជូរនៅឱកាសពិសេសៗ គឺដូចបានភ្ជាប់ខ្លួនទៅនឹងព្រះ និងបញ្ចូលព្រះក្នុងខ្លួនដូច្នោះដែរ។

សម្រាប់ជាតិពន្ធុផ្សេងៗនៅក្នុងប្រទេសកម្ពុជាវិញ ស្រាដែលបរិសុទ្ធ គឺស្រាស ដែលប្រជាជនបិតតាមទម្លាប់ សម្រិតសម្រាំងនូវគ្រឿងផ្សំ មិនមានថែមទឹក ឬប្រើសារធាតុគីមីលាយឡំ។ 
គេបានយកស្រានេះ ទៅប្រើក្នុងកិច្ចសំខាន់ៗជាច្រើន ពេលប្រារព្ធពិធីអ្វីមួយ ឬមានបញ្ហាអ្វីមួយកើតឡើង ចំពោះគ្រួសារ និងសង្គមដែលរស់នៅ រស់ដូចជា៖
ជនជាតិភាគតិចព្នង គ្រឹង ទំពួន ក្រវិត នៅរតនៈគិរី មណ្ឌលគិរី ស្រានិងឃ្មោះ គឺជារបស់សំខាន់បំផុត ដែលមានរក្សាទុកគ្រប់ផ្ទះ ឬក៏មានរោងមួយ សម្រាប់តម្កល់ស្រា  និងឃ្មោះរួមផងដែរ។ ពួកគេបានទុកស្រាជាវត្ថុមានជីវិត ដូចជានៅពេលមានស្រាថ្មី មុនពេលបើកផឹក គេតែងនិយាយជាមួយស្រាសិន ហើយអ្នកដែលចូលរួម ក៏ត្រូវផឹកដែរ។ ជំនឿមួយបែបទៀត នៅពេលគេផ្លាស់ប្តូរទីលំនៅ គេក៏តែងយកយកស្រា មកផឹកជាមួយគ្នា។ នៅពេលឆ្លងទន្លេ បុរសជាប្តី និងអ្នកជិតខាងក៏ត្រូវផឹកស្រា ដើម្បីឱ្យការឆ្លងទន្លេបានរលូន។ ពេលកប់សព គេតែងដាក់ស្រាជាមួយនឹងពាងសព ដែលគេវាយបំបែកគូទ ដើម្បីកុំឱ្យខ្មោចត្រឡប់ទៅផ្ទះ។ បន្ថែមពីនោះ ការព្យាបាលជំងឺ ស្រាក៏ត្រូវបានជនជាតិភាគតិច យកមកសែនព្រេនដល់ទេព និងចូលរួមផឹកជាមួយអ្នកភូមិ ដើម្បីឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ បើអ្នកនោះមានជីវភាពធូរធារ គេក៏កាប់ក្របីបូជាដល់ទេពផងដែរ។ ចំពោះស្ថានភាពពិសេសខ្លះ សម្រាប់អ្នកធ្វើចម្ការ គេតែងស្ពាយកាផា ដាក់ពាងស្រា ពីក្រោយដើម្បីទុកផឹក សុំឱ្យឧបករណ៍កាប់ឆ្ការនោះមុត ប្រើការល្អ។ រីឯអ្នកមានកូនតូច ហើយចាប់ផ្តើមមានផ្ទៃពោះទៀត គេក៏ជុំគ្នាផឹកស្រា ដើម្បីសុំឱ្យកូនបងកុំច្រណែន នឹងកូនប្អូនពេលកើតមក។ល។

សម្រាប់ជនជាតិភាគតិច ព័រ/សួយ នៅខេត្តកំពង់ស្ពឺក៏ដូច្នោះ ស្រាគឺជាវត្ថុដ៏សំខាន់ដែលគេគោរពបំផុត ហើយក៏ត្រូវបានយកមកប្រើ  ក្នុងពិធីមួយចំនួន ដូចជនជាតិភាគតិច នៅមណ្ឌលគិរីនិងរតនគិរីផងដែរ។ តែមានករណីខ្លះ គឺប្លែកត្រង់ពេលចូលឆ្នាំ គេឱបពាងស្រា ហើយមានអ្នកប្រដេញដណ្តើម ដូចកីឡាបាល់ឱប ហើយយកមកធ្វើពិធី យ៉ាងសប្បាយរីករាយ។

ចំពោះប្រជាជនខ្មែរនៅសម្បូរព្រៃគុក នៅពេលបិទវដ្តស្រូវម្តងៗ ប្រជាជនបាននាំគ្នាដើរប្រមូលស្រាតាមផ្ទះ ហើយធ្វើពិធីហែហមយ៉ាងសប្បាយរីករាយ ឯអ្នកខ្លះក៏មានកាន់ស្រា១ដបតូច ជាមួយធូបទៀន និងនំជាល ដើម្បីយកទៅថ្វាយអ្នកតា។ ក្នុងពេលសែនព្រេន គេតែងច្រូចស្រាលើអ្នកតា និយាយនឹងស្រា ហើយផឹកស្រារួមគ្នា ដើម្បីជាការភ្ជាប់ខ្លួននឹងទេព និងបំពេញសំណូមពរអ្នកសុំ។

ក្រៅពីនោះ ស្រាក៏ត្រូវបានប្រើក្នុងពិធីឆ្លឹងវ័យដូចជា ប្រើសម្រាប់សែនព្រេននៅពេលកើត ការផឹកជួបជុំអបអរកំណើតថ្មីជាមួយអ្នកភូមិ ការសែនបញ្ជូនដល់ខ្មោចដូនតាឱ្យបានដឹងឮ ជួយថែករក្សាការពារកូនចៅ។ បើចំពោះក្មេងស្រីពេលពេញវ័យ ចូលម្លប់ក៏យកស្រាមកសែនឱ្យទេពដឹងឮ និងសែនដល់កញ្ជើស្រូវ ដើម្បីឱ្យដឹងថានាងម្នាក់នេះនឹងចូលនូវម្លប់ហើយ សូមឱ្យមានសិរីសួស្តីគ្រប់ប្រការ ហើយម្ចាស់ខ្លួនក៏ត្រូវផឹកស្រានោះដែរ (ឱ្យខ្មោចម្លប់ដឹង)ជាមួយអ្នកចូលរួម។ បន្ថែមពីនោះ គេក៏ឃើញវត្តមានស្រាប្រើសម្រាប់ព្យាបាលរោគ តាមរយៈការសែនព្រេន ពេលលៀងមេមត់ ដោយដាក់ស្រានៅលើព្រះភូមិ ដើម្បីឱ្យមានជីវិត និងសែនចំពោះព្រះពិស្ណុការ រួមនឹងអ្នកភ្លេង ដើម្បីឱ្យទេពជួយដកពិស ឱ្យពរដល់ម្ចាស់រូប ដែលឈឺបានជាសះស្បើយ ហើយឱ្យក្រុមភ្លេងលេងភ្លេងត្រូវបែបបទ មិនបង្ករការរអាក់រអួលដល់កម្មវិធី។ លើសពីនោះទៀត សង្គមខ្មែរក៏ត្រូវការស្រា ប្រើក្នុងកិច្ចពិធីមង្គលការ ចម្រើនអាយុ រហូតដល់បុណ្យសពផង។

ទាំងនេះ សរបញ្ជាក់ឱ្យឃើញថា «ស្រា» គឺជាផ្នែកសំខាន់ណាស់ក្នុងកិច្ចពិធី នៃការរស់នៅរបស់មនុស្សទាំងកើត ទាំងស្លាប់ ទាំងក្នុងសាសនា និងជំនឿជីវចលទៅលើទេព ដែលពិបាកនឹងបដិសេធ ឬលុបបំបាត់ចោល ព្រោះគេជឿថាជាតម្រូវការរបស់ទេព បើទោះបីជាស្រានឹងបំផ្លាញដល់សុខភាព ទ្រព្យសម្បត្តិ សុភមង្គលគ្រួសារ និងបង្ករអសន្តិសុខសង្គមមនុស្សក្តី។

ពាក់ព័ន្ធនឹងទំនាក់ទំនងពីមនុស្សទៅទេពនេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន បានបន្ថែមថា ក្រៅពីស្រា ខ្មែរក៏មានការប្រើជាសំឡេង (ឧបករណ៍ភ្លេង) ពន្លឺ (ទៀន) ផ្សែង (ធូប) ដើម្បីជាស្ពានភ្ជាប់ទៅទេព។ ធូបប្រដូចទៅនឹងច្រមុះ ពន្លឺជាភ្នែក រីឯសំឡេងប្រៀបនឹងត្រចៀក ដែលជាមធ្យោបាយ ដើម្បីទាក់ទាញទេពឱ្យមកជិត មកក្បែរ មកបំពេញសំណូមពរដែលយើងសុំ។

យើងអាចទាក់ទងនឹងទេពបាន គឺនៅពេលនិងទីកន្លែងមួយដែលយើងរៀបចំធ្វើកិច្ចក្នុងមួយរយៈកំណត់ ដោយរៀបជាស្ពានភ្ជាប់ពីមនុស្សទៅទេព។ ស្ពាននោះ ពេលចម្លងគឺជាអ្វីដែលធ្វើឱ្យមនុស្សមិនមែនជាមនុស្ស។ ពេលនោះអ្នកនិងទេព បានរលាយចូលគ្នា នៅជាមួយនឹងគ្នា។ ទេពដឹងឮនិងមើលឃើញនូវអ្វីដែលអ្នករៀបចំ ក្នុងបំណងមកជួបទេព។ ទេពនឹងបំពេញតាមសំណើសុំ ដោយជួយជ្រោមជ្រែងដោះស្រាយតាមសំណូមពរ៕
ដកស្រង់៖ អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឺមអាន/កញ្ញា ហ៊ីង ស្រីរ័ត្ន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top