សាកសពអតីតប្រធានាធិបតីទី៤១ របស់អាមេរិក នឹងត្រូវដឹកតាមរថភ្លើងពិសេស មួយដើម្បីទៅកាន់ទីបញ្ចុះ នៅថ្ងៃព្រហស្បតិ៍នេះ។

ខ្សែរថភ្លើងរយៈចម្ងាយជាង ១១០ គីឡូម៉ែត្រនេះ គឺជាដំណើរចុងក្រោយបង្អស់របស់លោក George H.W. Bush នៅពិធីបុណ្យទាំងមូល។ ក្បាលរថភ្លើងដែលជ្រើសរើសសម្រាប់ដំណើរនេះ ត្រូវបានកែច្នៃយ៉ាងពិសេសសម្រាប់កិត្តិយសរបស់លោក Bush កាលពីឆ្នាំ ២០០៥ ហើយលោកធ្លាប់បានបើកសាកល្បងដែលមានការណែនាំពីអ្នកជំនាញទៀតផង។ លើសពីនេះ រថភ្លើងត្រូវបានលៀបពណ៌ខៀវស្រដៀងនឹង Air Force One ព្រមទាំងមានសរសេរលេខ ៤១៤១ ដែលតំណាងឲ្យប្រធានាធិបតីទី ៤១។

កាលពីឆ្នាំនោះ លោក Bush បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះទូរ និងម៉ាស៊ីននៃរថភ្លើងនេះរហូតដល់ស្នើសុំបើកវាដោយផ្ទាល់ដៃ។ ក្រោយការហ្វឹកហាត់ត្រួសៗ លោកត្រូវបានអនុញ្ញាតឲ្យបញ្ជាវារយៈចម្ងាយជិត ១០គីឡូម៉ែត្រដោយមានការត្រួតពិនិត្យរបស់អ្នកជំនាញ។ លោក Bush ក៏ធ្លាប់បាននិយាយថា កាលពីនៅក្មេង លោកពិតជាចូលចិត្តធ្វើដំណើរតាមរថភ្លើងជាមួយគ្រួសារណាស់ ហើយលោកមិនអាចបំភ្លេចវាបាននោះទេ។

គួរឲ្យដឹងថា រថភ្លើងនេះ នឹងដឹកសាកសពលោក Bush ចាកចេញពីស្ថានីយ Union Pacific នាវេលាម៉ោង ១រសៀលឆ្ពោះទៅកាន់រដ្ឋ តិចសាស់ និងត្រូវបញ្ចុះក្បែរផ្នូរប្រពន្ធ និងកូនរបស់លោកនៅម៉ោង ៤:១៥នាទីល្ងាច៕




ប្រភព៖Sabay