ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជំនាញមួយជួយ​អ្នកសិក្សា​ឲ្យ​យល់កាន់តែច្បាស់ពី​ប្រ​វត្តិសាស្រ្តខ្មែរ តែមិនសូវមានអ្នករៀន​

អ្នកជំនាញ​លើក​ឡើងថា​ការ​សិក្សា​​សិលា​ចារឹកមាន​សារៈសំខាន់​ក្នុង​ការ​ដឹង​​ការពិត​ដែល​កើត​មាន​ឡើង​ក្នុង​អតីត​កាល​ទាំង​ព្រឹត្តិការ​ណ៍​ប្រ​វត្តិសាស្រ្ត អក្សរ​សាស្រ្ត វប្បធម៌ និង​ជាតិ​ពន្ធុ​ជាដើម។

(សំណេរ​អក្សរ​បុរាណ​នៅ​ក្នុង​ថ្នាក់​ប្រ​វត្តិវិទ្យា​ឆ្នាំទី៣ នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ) 

ការ​សិក្សា​ប្រ​វត្តិ​សាស្ត្រខ្មែរ​កន្លង​មក​បាន​ពឹង​ផ្អែក​មួយ​ផ្នែក​​លើ​ឯកសារ​បរទេស ដូចជា​ចិន និង​បារាំង​ជាដើម។ ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ជនជាតិ​បារាំង បាន​ធ្វើឡើង​​ខណៈកម្ពុជា​នៅ​ក្រោម​អាណា​ព្យាបាល​របស់​​បារាំង និង​ក្រោយ​មកទៀត​នោះ ​ជា​ប្រ​ភព​ឯកសារ​សំខាន់​មួយ​សម្រាប់​អ្នក​សិក្សា​ប្រវត្តិសាស្រ្ត​ខ្មែរ​។ សិលាចារឹក​ខ្មែរ​មិនតិច​ដែរ​ត្រូវបាន​អ្នកសិក្សា​បារាំង​សិក្សា និង​កត់​ត្រា​ជា​ភាសា​បារាំង ហើយ​អ្នក​ស្រាវជ្រាវ​ខ្មែរ​ដែល​ចង់ចេះ​ដឹង​ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ត្រូវ​ពឹង​លើ​ឯកសារ​ទាំងនោះ​ផង​ដែរ​។ ​

ហេតុអ្វីបានជា​ការ​សិក្សាមុខវិជ្ជាសិលាចារឹកមានសារៈសំខាន់តែមិនសូវ​មានអ្នកចង់រៀន​?

បើ​និយាយ​ពី​ការ​រៀន​ និង​បង្រៀន​មុខវិជ្ជា​សិលាចារឹកនេះ​វិញ​មាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​មាន​បង្រៀន​នៅ​ដេប៉ាតឺម៉ង់​​ប្រ​វត្តិ​វិទ្យា​តាំងពី​​ឆ្នាំ​១៩៩៦។​ ថ្វី​ត្បិត​តែ​ព័ត៌មាន​នៅ​លើ​សិលា​រឹក​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​សិក្សា​ខ្មែរ​ ក្នង​ការ​ស្វែង​យល់​ពី​រឿង​រ៉ាង​អតីតកាល​របស់​កម្ពុជា​ក៏​​ពិត​មែន តែថា​មិនសូវ​មាន​អ្នក​ចាប់​អារម្មណ៍​សិក្សា​ប៉ុន្មាន​នោះ​ដែរ។

មិនសូវមាន​អ្នកសិក្សា​ដោយ​ហេតុ​ថា​ទី​មួយ​ការ​ចេះ​ចាំជំនាញ​នេះ​មិន​ប្រាដក​ថា​អាច​រកចំណូល​បាន​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​មួយ​ទៀត​គឺ​ដោយ​សារតែ​វិជ្ជា​នេះ​ត្រូវ​ការ​អ្នកសិក្សា​លះ​បង់​ពេល​វេលា​ច្រើន និង​មាន​ចំណេះ​ដឹង​មូល​ដ្ឋានផ្សេងៗ​មួយ​ចំនួន​ទៀត​ដូច​ជា​ភាសាវិទ្យា ប្រ​វត្តិសាស្រ្ត និង​ភាសា​សំស្ក្រឹត​ជា​ដើម​។​ នេះ​បើតាម​ការ​​លើក​ឡើង​របស់លោក​​សាស្រ្តាចារ្យ​ វង់ សុធារ៉ា ឯកទេស​សិលា​ចារឹក​ បង្រៀន​នៅ​សាក​លវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​។

(លោក​សាស្រ្តាចារ្យ​ វង់ សុធារ៉ា កំពុង​បង្រៀន​មុខវិជ្ជាសិលាចារឹក​ដល់​សិស្ស​ប្រ​វត្តិវិទ្យា​ឆ្នាំទី៣ នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ)

លោក​សាស្រ្តា​ចារ្យ​បន្ថែម​ថា​៖ «ដោយ​សារ​តែ​មុខវិជ្ជា​នេះ​ស្មុគស្មាញ​ពេក​មិន​សូវ​មាន​សិស្ស​ណា​បន្ត​រៀន​ឲ្យ​កាន់តែជ្រៅជ្រះ​លើ​សពី​អ្វី​ដែល​ខ្ញុំ​​បង្រៀន​នោះ​ទេ។ ដោយ​សារទី​មួយ​មិន​សូវ​សម្បូរ​អ្នក​ស្រាវជ្រាវ និង​មួយ​ទៀតថាតើ​ការ​ចេះជំនាញ​នឹង​អាច​ស្វែង​រក​ប្រាក់​ចំណូល​បាន​ឬយ៉ាង​ណា...​​ភាគច្រើ​នគឺមិន​បាន​ ដោយ​សារ​មិន​សូវ​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់»។​​

ព័ត៌មាន​នៅ​លើ​សិលា​ចារឹក​អាច​ប្រាប់​អ្នក​សិក្សាឲ្យ​ដឹង​ពី​ព្រឹត្តិ​ការណ៍​ក្នុង​សម័យ​អតីតកាល វប្បធម៌សេដ្ឋកិច្ច និង​ជាតិ​ពន្ធុ​ជា​ដើម។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា​ បន្តថា៖ «វាផ្តល់​ព័ត៌មាន​ទូលំទូលាយ​ដល់​អ្នក​សិក្សា​បែប​ហ្នឹង​ឯង ដែល​តម្រូវ​ឲ្យអ្នក​រៀន អ្នក​សិក្សា ចង់​ដឹង​ពី​រឿង​រ៉ាវ​ពិត​ពី​សម័យ​បុរាណ ពី​វប្បធម៌ របស់​ខ្មែរ​យើង​ត្រូវ​តែរៀន ត្រូវ​តែ​ស្វែង​យល់ពី​ខ្លឹម​សារ​របស់​វា ដើម្បី​យក​មក​ធ្វើជា​ទិន្ន័យ នៃ​ការ​វិភាគ ការ​សរសេរ​របស់​ខ្លួន»។

សិលាចារឹក​​ខ្មែរ​ចាស់ជាងគេ​មានតាំងពីពេលណា​?

​និយាយ​ដល់​សិលាចារឹកនេះ លោក​សាស្រ្តាចារ្យឲ្យ​ដឹង​ថា​សិលាចារឹក​ខ្មែរ​ដំបូង​ចារឹក​ជា​ភាសា​សំស្ក្រឹត​នៅ​សត​វត្សរ៍ទី​៥​នៃគ្រឹស្ត​សករាជK​.៨៧៥​ ដែល​ជា​របស់​ព្រះ​នាងកុល​ប្រ​ភាវតី ព្រះ​មហេសី​ព្រះ​បានកៅឌិណ្ឌ​ជយវម៌្ម​ នៅ​ខេត្ត​តាកែវ​​។

សិលាចារឹក​មួយ​ទៀត​ដែរ​ត្រូវបានគេ​រក​ឃើញ​​នៅទឹកដី​​ប្រ​ទេស​ឡាវ​បច្ចុប្បន្ន ខេត្ត​ចម្ប៉ាសាក់ ចារ​ក្នុង​សតវត្សរ៍៥​នៃគ្រឹស្តសករាជ បាន​រៀបរាប់ពីការ​ធ្វើ​បុណ្យ​របស់​ព្រះ​មហាក្សត្រ​មួយ​ព្រះអង្គ និង​ជាអ្នក​កសាង​រាជធានី​មួយ​ឈ្មោះ​Kurukshetraផង​ដែរ ដែល​​ឈ្មោះនេះ​ដូចគ្នាទៅ​នឹង​សម​រភូមិ​ប្រ​យុទ្ធគ្នា​មួយ​ក្នុង​រឿង​មហាភារតៈ​របស់​ឥណ្ឌា។ លោក​សាស្រ្តាចារ្យបន្ថែម។​ ចំណែក​សិលាចារឹក​ជា​ភាសា​ខ្មែរ​វិញ​មាន​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​៦១២​នៃ​​គ្រឹស្តស​ករាជ ជា​សិលាចា​រឹក​វត្តជ្រោយ​។​

ហេតុអ្វីបានជា​មនុស្ស​សម័យ​ដើមចារ​សិលាចារឹក? ​​​​​​​​​​​​

​មូល​ហេតុ​នាំ​ឲ្យ​មនុស្ស​សម័យ​បុរាណ​រ​ចារ​សិលាចារឹក​ទុក​​​ក៏ទំនង​ជាមិនខុស​អ្វី​ពី​មនុស្ស​សម័យ​ថ្មី​ដែល​និយម​ចារ​ឈ្មោះ និងក្រុមគ្រួសារ​ខ្លួន​នៅ​តាម​របង​វត្ត ឬ​ជញ្ជាំង​ព្រះវិហារ​នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​បាន​បរិច្ចាក​ធន់​ធាន​កសាង​របងវត្ត ឬរូបគំនូរ​ជាដើម។

លោក​សាស្រ្តាចារ្យ​ឲ្យ​ដឹង​ថា​ការ​ចារ​សិលាចារឹក​សម័យ​បុរាណ​គឺប្រ​កាសពី​ការ​ធ្វើ​បុណ្យ​របស់​អ្នកចារ ឬ​សម្រាប់​ភាពអស្ចារ្យ​របស់​អាទិទេព​ឬព្រះរាជា។ សម្រាប់​សិលាចារឹកជាភាសាខ្មែរ​ច្រើនចារពីអំពើ​បុណ្យ​ដែល​អ្នក​ណាមួយ​​បាន​ធ្វើ ​មានការ​បរិច្ចាកទ្រព្យ​សម្បត្តិ​ កសាង​ប្រាសាទ ការ​បរិច្ចាក​គោក្រ​បី សត្វ​ពាហនៈ​ផ្សេងៗ​ ខ្ញុំបម្រើ​ ចម្ការ​ដំណាំ ដី​ស្រែ ជាដើម ចំពោះ​ប្រាសាទ។

ចំណែក​ជា​ភាសា​សំស្រ្កឹត​វិញ​លោកថា​ ក៏មាន​ន័យ​អំពី​ការ​ប្រកាស​ពី​អំពើ​បុណ្យ​របស់​ខ្លួន​ដែរ ដែល​​សរសេរ​សរសើរ​ពី​កិត្តិនាម​របស់​ព្រះ ​អាទិទេព កិត្តិនាមល្បី​ល្បាញ​របស់​ព្រះ​រាជា​ជា​ដើម​។

តើ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទើប​មាន​អ្នក​បន្តវេន?

បើ​និយាយ​ដល់អ្នកបន្ត​វេន​វិញ លោក​សាស្រ្តាចារ្យ​រូប​នេះ​លើក​ឡើងថា​បច្ចុប្បន្ន​លោក​កំពុង​បណ្តុះ​បណ្តាល​​និស្សិត​ជាង​១០​រូប​ ដែល​ថា​មាន​ឆន្ទៈ​ក្នុង​ការ​សិក្សា​មុខវិជ្ជានេះ។ លោក​បន្តថា៖ «ស្ម័គ្រ​ចិត្ត​បូជាជីវិត​ចំពោះ​ការសិក្សា​ផ្នែក​ហ្នឹង​ដោយ​មិនគិតតែ​ពី​តែពី​រឿង​ការ​ស្វែងរក​ប្រាក់​ចំណូល​តាម​រយៈ​ជំនាញ​ហ្នឹង (ដ៏)អ៊ីចឹង​ទើប​អាចទៅ​រួច​»។

(សំណេរ​អក្សរ​បុរាណ​របស់​និស្សិត​​​ថ្នាក់​មុខវិជ្ជា​សិលាចារឹក)

លោក​សាស្រ្តាចារ្យ​រៀប​រាប់ទៀតថា៖ «ដូច​ខ្ញុំ​សព្វ​ថ្ងៃ​ហ្នឹង​មិន​មែន​ខ្ញុំ​រស់​បាន​ដោយ​សារ​ចំណេះដឹង​ខាង​ផ្នែក​សិលាចារឹក​ហ្នឹង​ទេ គឺ​ខ្ញុំ​រស់​បាន​តាម​រយៈ​ការ​បង្រៀន តាម​ការ​ស្រាវជ្រាវ​តាម​ផ្នែក​ផ្សេង​ទៅ​ទៀត សិលា​ចារឹក​ហ្នឹង​គ្រាន់​តែជា​ជំនាញ​ក្រៅ​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ចេះ​ចង់ដឹង​ដើម្បី​យកទៅ​បម្រើ​ឲ្យមុខវិជ្ជា​ស្នូល​ផ្សេងទៀត ដែល​ខ្ញុំ​អាច​រក​ប្រាក់​កម្រៃ​បាន​​ពីការ​ចេះដឹង​នោះ»។

ដើម្បី​ឲ្យ​មានការ​យល់ដឹង​ប្រ​វត្តិសាស្រ្ត វប្បធម៌ ជាតិ​ខ្មែរ​ឲ្យ​បានកាន់តែច្រើនជា​ពិសេស​ដើម្បី​ពង្រឹង​អត្តសញ្ញាណជាតិ និង​មោទក​ភាព​ជាតិ​ រដ្ឋាភិបាលគួរ​វិនិយោគ​បន្ថែម​ទៀត​លើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​​ប្រវត្តិសាស្រ្ត​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន។

លោក​សាស្រ្តាចារ្យ​មាន​ប្រ​សាសន៍ថា​៖ «​អ្នកទាំង​អស់​ហ្នឹង​អាច​រស់​បាន​ដោយ​សារ​ប្រាក់ខែ មិន​មែន​រស់​បាន​ដោយ​ការ​ស៊ីឈ្មួល ម្តង​ម្កាល​នោះ​ទេ​អាហ្នឹង​ទើប​មាន​អ្នក​ចង់​រៀន ដូច​នៅ​ប្រ​ទេស​គេ​ដទៃ​មាន​អ្នកជំនាញ​ផ្នែក​ហ្នឹង​ច្រើន​ដោយ​សារ​គេ​មាន​Employment ពី​រដ្ឋាភិបាល ​ពីសាលា​អី​ជាក់​​លាក់ មិន​មែនជា​ការ​បាន​ពី​ចំណូល​រកស៊ី​បន្តិច​បន្តួច​ម្តង​ម្កាល​នោះ​ទេ​»។

លោក​បន្តថា​បើ​សិនជា​ប្រ​ទេស​ជាតិ​មិន​សូវ​សម្បូរ​អ្នកស្រាវ​ជ្រាវជាន់ខ្ពស់​សម្រាប់​ជាតិ​ខ្លួន​ឯង​នោះ នឹង​​ងាយ​រងឥទ្ធិពល​ពី​បរទេស ពិសេស​ការ​ស្រាវជ្រាវ​នឹង​ធ្លាក់​ក្នុង​ដៃ​បរទេស។ លោក​សាស្រ្តាចារ្យ​ពន្យល់​យ៉ាងនេះថា៖ « បើ​សិន​ជា​រដ្ឋាភិបាល​អត់​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ហ្នឹងទេ ទៅ​ថ្ងៃ​អនាគត​យើង​នឹង​ក្លាយ​ទៅ​ជា​ទាសករ​​ឲ្យពួកបរទេស​នៅលើ​ទឹកដី​របស់​យើង ដោយ​សារ​គេ​មាន​អ្នក​ចេះ​ច្រើន​គេលាត​សន្ធឹង ​គេ​ពង្វាត​វិសាល​ភាព​នៃ​ការ​ស្រាវជ្រាវនៃការ​គ្រប់គ្រង​អណាចក្រ​ស្រាវជ្រាវ ដូច​កាល​កន្លង​ទៅ​មួយ​សតវត្សរ៍​មុន​ដល់សព្វ​ថ្ងៃ​​អ៊ីចឹង»៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ធ្លាក់ឧទ្ធម្ភាគចក្រយោធាជើងទឹក នៅលើនាវាចម្បាំង USS Ronald Rea... - 19/10/2018 19:57
  • យន្តហោះយក្ស Stratolaunch ដ៏មហិមារបស់Paul Allen បញ្ចប់ការធ្វើ... - 19/10/2018 19:56
  • លោក ពូទីន និយាយថា អតីតសាធារណរដ្ឋសូវៀត សោកស្តាយដែល រំលាយសហភាព... - 19/10/2018 19:46
  • ចិន​ មានបំណងបន្ធូរ បន្ថយបំរាម​ លើការនាំចូល អាហារពីជប៉ុន​ បន្... - 19/10/2018 17:04
  • មហាអំណាចអាមេរិក-ចិន​ ព្រមព្រៀងធ្វើឲ្យប្រសើរឡើង​នូវកិច្ច សហប... - 19/10/2018 16:45
  • Salah អាចត្រឡប់មកកាន់ ទីលានហ្វឹកហាត់ វិញហើយ សង្ឍឹមថា អាចលេងន... - 19/10/2018 16:36
  • ក្តៅ ! Seungri កំពុងមានទំនាក់ទំនង ស្នេហាជាមួយ តារាសម្តែងថ្ម... - 19/10/2018 16:31
  • ស្រក់ទឹកភ្នែកក្នុងបទ ”ជើងមេឃពណ៌ខ្មៅ” សម្តែងដោយ ហង្ស សុវណ្ណរ... - 19/10/2018 16:17
  • វេណេហ្ស៊ូអេឡា បណ្ដេញ មន្ត្រីទូតអេក្វាឌ័រ  - 19/10/2018 16:14
  • សិង្ហបុរីចោទប្រកាន់ ជនសង្ស័យ ពីបទរត់ពន្ធ ទំនិញប្រណីត ទៅកូរ៉េ... - 19/10/2018 16:13
  • Top