ប៉ារីស៖ គេហទំព័រសិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះថា កុ្រមហ៊ុនទេសចរណ៍ Airbus នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយ Lion Air ក្នុងការបញ្ជាទិញយន្តហោះធុនមធ្យម ដឹកអ្នកដំណើរប្រភេទ A320 ចំនួនជាង២០០គ្រឿង ។
សារព័ត៌មានបារាំងមួយឈ្មោះ (Les Echos) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនខ្នាតយក្ស Airbus នឹងចុះអនុស្សរណៈ យោគយល់គ្នាជាមួយ Lion Air ដែលមានលោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ ជាអធិបតីក្នុងពិធីនេះ លើការបញ្ជាទិញយន្តហោះ ដឹកអ្នកដំណើរជាង ២០០គ្រឿង ក្នុងតម្លៃជាង ២០ពាន់លានដុល្លារ ស្មើនឹង១៥,៣ពាន់លានអឺរ៉ូ ។
សូមបញ្ជាក់ថា តម្លៃជាស្តង់ដា យន្តហោះ A320 មានតម្លៃ ៩១,៥លានដុល្លារក្នុងមួយគ្រឿង ហើយយន្តហោះទំនើបជាងនេះ អាចមានតម្លៃរហូតដល់ជាង ១០០លានដុល្លារឯណោះ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Lion Air ជាក្រុមហ៊ុនលំដាប់កំពូល របស់ប្រទេសឥណ្ឌូនេស៊ី ហើយកាលពីឆ្នាំ២០១១ ក្រុមហ៊ុននេះធ្លាប់បានបញ្ជាទិញ យន្តហោះប្រភេទ 230 Boeing 737 ពី Airbus ដែលមាន ទឹកប្រាក់ចំនួន ២២,៤ពាន់លានដុល្លាររួចមកហើយ ៕

| < Prev | Next > |
|---|
